សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មានក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍
![]() |
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានខិតខំបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ព្រមទាំងបានអរគុណផងដែរចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី៧ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងដើម្បីជាការអបអរសាទរចំពោះទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ដែលឆ្នាំនេះបានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ»។
ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានហៅអ្នកសារព័ត៌មានអាជីពថាជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាង មានប្រសិទ្ធភាពនៅក្នុងសង្គម ដែលជាមូលដ្ឋាននៃការកសាងសច្ចភាពប្រវត្តិសាស្ត្រ និងជួយប្រជាជន ចៀសផុតពីការបំភ័ន្ត ការបំភ្លៃ ការបំផ្លឹស ដោយក្រុមជនមួយចំនួន និងឈ្មួញនយោបាយ ព្រមទាំងជួយ រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបានទាន់សភាពការណ៍ និងចំគោលដៅ ដោយសម្តេចធិបតីបាន គូសបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យសារព័ត៌មាន គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយសារតែសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើនយោបាយ និយាយជារួម និងអំណាចទាំងបី និយាយដោយឡែក តាមរយៈការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្ត្រីសាធារណៈ និងស្ថាប័ននយោបាយ ក្នុងគោលបំណងលើកកម្ពស់ដល់ផប្រយោជន៍សាធារណៈ និងតាមដាននូវការអនុវត្តអំណាចទាំងបី ដើម្បីឱ្យមានគណនេយ្យភាពចំពោះទង្វើនៃអំណាចទាំងនេះ ដែលក្នុងន័យនេះរាជដ្ឋាភិបាលកម្ពុជាបានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្បាយគឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលមានតួនាទីក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន បាននាំយកបញ្ហាសង្គមមកជូនរាជរដ្ឋាភិបាល ដែលការណ៍នេះរាជរដ្ឋាភិបាលកម្ពុជាសូមប្តេជ្ញាលើកស្ទួយ និងគោរពសិទ្ធិសេរីភាពសារព័ត៍មានដូចមានចែងក្នុងរដ្ឋម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
សូមជម្រាបជូនថា ក្នុងសារលិខិតសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានហៅទិវាសេរីភាពសារព័ត៌មាននេះថាជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន ដោយសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ៕ ដោយ៖ AKP ចាន់ សុភឿន



0 Comments:
Post a Comment