(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង លើយន្តការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកង់ទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាមួយសត្រូវឈ្លានពាន។
ក្នុងញត្តិគាំទ្របានសរសេរយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើ យន្តការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាមួយសត្រូវឈ្លានពាន។
ហើយសូមយកឱកាសនេះ សម្តែងនូវការថ្កោលទោស់ដាច់ខាត ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារដោយចេតនាគិតទុកជាមុន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមទាំងតំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតក្នុងទឹកដីកម្ពុជា ដូចដែលបានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ។
ការដាក់ចេញនូវយន្តការដោះស្រាយនេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ និងជាផែនការយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈការផ្ញើលិខិតរដ្ឋបាលផ្លូវការ ជូនចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ ការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ក្នុងកិច្ចការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជាអគ្គភស្តុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធដ៏អង់អាចឈ្លាសវៃ បានរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជាកងទ័ពជាមួយប្រមុខរាជរដ្ឋាភិបាល ប្រមុខការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបប្រឆាំងនឹងអំពើឈ្លានពានយ៉ាងគឃ្លីន របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងធានាប្រក្រតីភាព រស់នៅប្រកបដោយភាពកក់ក្តៅបំផុត។
ជាថ្មីម្តងទៀត! ក្នុងនាមយើងខ្ញុំទាំងអស់គ្នា ជាសមរភូមិក្រោយ សូមប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះយន្តការដោះស្រាយ ប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ក្នុងស្មារតីជាតិនិយមខ្ពស់ និងបានត្រៀមខ្លួនរួចជានិច្ច ទទួលអនុវត្តនូវរាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានម៉ឺងម៉ាត់ និងឥតងាករេ ព្រមទាំងសូមផ្តល់នូវកម្លាំងចិត្តពីសមរភូមិក្រោយ ជូនចំពោះបងប្អូនវីរកងទ័ពជួរមុខ ក្នុងការ ការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមករំលោភបំពានបានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតមេទ័ពខ្មែរ គ្រប់ជំនាន់ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយតាមបីបាច់ថែរក្សា ការពារ ប្រោះព្រំ កងកម្លាំងជួរមុខកម្ពុជា ឱ្យជួបតែសេចក្តីសុខ សុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងអស់»៕
0 Comments:
Post a Comment